អំពីយើង

ក្រុមមេធាវី ជេ ស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងផ្តល់សេវាកម្មច្បាប់ ជូនអតិថិជន ប្រកបដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ជាពិសេសដំណោះស្រាយផ្លូវច្បាប់ផ្នែករដ្ឋប្បវេណី។ វិវាទរដ្ឋប្បវេណី តែងតែកើតឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បទដ្ឋានគតិយុត្តិដែលជាឧបករណ៍ក្នុងការដោះស្រាយវិវាទ មានភាពលំបាកស្មុគស្មាញ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហេតុនេះ ប្រជាជន ត្រូវការជាចាំបាច់នូវអ្នកប្រឹក្សាច្បាប់ ក៏ដូចជា ជំនួយផ្នែកច្បាប់ទាក់ទងនឹងវិវាទ ឬ ប្រតិបត្តិការផ្សេងៗ។ ក្រុមមេធាវី ជេស៊ី មានឯកទេសកម្មខាងផ្នែករដ្ឋប្បវេណី ទាក់ទងទំនាក់ទំនងគ្រួសារ ( បញ្ហា អនីតិសង្វាស ការកំណត់អំពីបិតុភាព ការទទួលស្គាល់កូន ទ្រព្យសម្បត្តិប្តីប្រពន្ធ លែងលះ ស្មុំកូន របបគ្រប់គ្រងជនដែលត្រូវបានកម្រិតសមត្ថភាពជាអាទិ៍ ) ទំនាក់ទំនងនៃសិទ្ធិលើបំណុល (កិច្ចសន្យា អំពើអនីត្យានុកូល ការទាមទារសំណងខូចខាតជាអាទិ៍) សិទ្ធិប្រត្យក្ស (កម្មសិទ្ធិ ហុីប៉ូតែក ការបញ្ចាំជាអាទិ៍) និង សន្តតិកម្ម ទាំងការផ្តល់ប្រឹក្សាយោបល់ និង តាក់តែងលិខិតស្នាមគតិយុត្ត ការចុះបញ្ជីទាក់ទងនឹងសិទ្ធិប្រត្យក្ស (ចុះបញ្ជីផ្ទេរកម្មសិទ្ធិ ចុះបញ្ជីហ៊ីតែកជាអាទិ៍)រួមទាំងវិវាទ (ក្នុង និងក្រៅតុលាការ) ។ ក្រៅពីឯកទេសកម្មទាក់ទងនឹង ការផ្តល់ប្រឹក្សា និងជំនួយច្បាប់ ក្នុងនាមអ្នកផ្តល់សេវាកម្មផ្លូវច្បាប់ ជេស៊ី មានឯកទេសកម្មលើការបណ្តុះបណ្តាលផ្នែករដ្ឋប្បវេណី ទាំងច្បាប់សារធាតុ និងច្បាប់នីតិវិធី តាមរយៈកម្មវិធីមួយឈ្មោះ វិភាគទានច្បាប់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែករដ្ឋប្បវេណីជូនសាធារណជនដោយមិនស្វែងរកចំណេញ ។ ផ្អែកលើបទពិសោធន៍ទាំងនេះ យើងសង្ឃឹមថា ក្រុមមេធាវី ជេស៊ី គឺជាផ្នែកមួយនៃដំណោះស្រាយគតិយុត្តចំពោះបញ្ហារបស់អ្នក និង ចង់ឱ្យប្រជាពលរដ្ឋទទួលបាន សេវាកម្មផ្លូវច្បាប់ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព ដោយយកការប្រឹក្សាផ្លូវច្បាប់ ឬ យោបល់ផ្លូវច្បាប់ ជាមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើអ្វីមួយដែលជាសកម្មភាពគតិយុត្តិទាក់ទងនឹងសិទ្ធិលើទ្រព្យសម្បត្តិឬ ទំនាក់ទំនងញាតិ ។ ក្តីកង្វល់របស់អ្នក គឺជាការដោះស្រាយរបស់យើងខ្ញុំ !